ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបពិភាក្សា អំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប ឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
បើតាមជំនួបនេះ ក្នុងគោលបំណងពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប ដែលជាស្មារតីបន្តតាមដានវឌ្ឍនភាពការងារដែលជាគំនិតផ្តួចផ្តើមរបស់ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
នៅក្នុងជំនួប លោក សួន សុផល បានថ្លែងអំណរគុណចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក ដើម្បីចាប់ផ្តើមគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិនមកពីបណ្តាប្រទេសសមាជិកនានានៃសហភាពអឺរ៉ុបឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យ និងសកម្មភាពវិនិយោគដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍៖ វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។
ជាមួយគ្នានេះ លោក បានបង្ហាញជំនឿចិត្តថាបេសកកម្មទាក់ទាញ និងគោះទ្វារវិនិយោគិនទៅកាន់តំបន់អឺរ៉ុបនាឆ្នាំនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់, និងតំបន់។
ជាការឆ្លើយតប សមភាគី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងនិយមរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប។
គូសបញ្ជាក់ថា សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។
វត្តមានរបស់ សម្តេចធិបតី នៅក្រៅប្រទេសនាពេលនេះ គឺជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)