ភ្នំពេញ៖ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប នាព្រឹកថ្ងៃទី១៥ ខែមករានេះ លោកស្រី អគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់ សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។
ក្នុងជំនួបនេះដែរ លោកស្រី បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោកស្រី ក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានអរគុណចំពោះលោកជំទាវអគ្គលេខាធិការ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។
សម្ដេចធិបតី បានមានប្រសាសន៍ថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ៤០% ដែលនេះបង្ហាញថាកម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។
គូសបញ្ជាក់ថា អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាលជាសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន៥ និងមានអ្នកនិយាយភាសាបារាំងចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនីផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។
បេសកកម្មរបស់ Francophonie គឺដើម្បី៖ ១-ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, ២-លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ៣-គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ, ៤-អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)