ភ្នំពេញ៖ បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ ជាការគូសបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលបានធ្វើងឡើង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែ កម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម វប្បធម៌ អាហារ ភាសា ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។
លើសពីនេះ កម្ពុជា-បារាំង បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម។ ជាការបន្ត សម្ដេចធិបតី នាយករដ្ឋមន្រ្តី។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបន្តទៀតថា ជាងនេះទៅទៀត ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម កែច្នៃម្ហូបអាហារ អគ្គិសនី និងអេឡិចត្រូនិច ថាមពលកកើតឡើងវិញ ការថែទាំសុខភាព អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាវិស័យត្រួសត្រាយផ្លូវដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ។ ជាមួយគ្នានេះ វិស័យយានយន្ត នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់ វេជ្ជសាស្ត្រ និងវិស្វកម្ម ជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ ដែលកត្តាទាំងនោះ មានជាអាទិ៍៖
ទី១. រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។
ទី២. កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព ។
ទី៣. កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័សចូលទៅក្នុងទីផ្សារតំបន់ និងសកលជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគីនិងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិនអាចចូលទៅកាន់ទីផ្សារចម្រុះជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ចឱ្យឈានដល់កម្រិតខ្ពស់។
ជាក់ស្តែង វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០ លាននាក់ ទីផ្សារអាស៊ានដែលមានប្រជាជនប្រមាណជាង ៦៦០លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ទ្រីលានដុល្លារ។ ជាការបញ្ជាក់បន្ថែម សម្ដេចធិបតី ថា បន្ថែមលើនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ
គូសបញ្ជាក់ថា វេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា បណ្តាក្រុមហ៊ុនជិត ១១០ក្រុមហ៊ុន បានមកជួបជុំគ្នាដោយក្នុងនោះក្រុមហ៊ុនចំនួន៨០ មកពីប្រទេសបារាំង និងក្រុមចំនួន៣០ មកពីប្រទេសកម្ពុជាដើម្បីនឹងធ្វើការផ្លាស់ប្តូរទំនាក់ទំនងពង្រីកឱកាសនិងសិក្សាស្វែងយល់ ពិសេស បង្កើតឱកាសវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជានិងបារាំង ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)