ភ្នំពេញ៖ ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥ មានគម្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀត លើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ នៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១៥ ខែមករានេះ។
ក្នុងជំនួប លោក Olivier Duguet បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោក Olivier បានគូសរំលេចជូន សម្តេចធិបតី ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនមានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកក្រុមហ៊ុនបានធ្លាប់ មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។
ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមកក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ បើតាមការឱ្យដឹងពី លោក Olivier បានការបញ្ជាក់ថា ជាមួយការជួយជ្រោមជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំពារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត។
លោក បានបញ្ជាក់ទៀតថា ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក Olivier Duguet និងសហការី និងបានបង្ហាញក្តីរីករាយ និងសូមគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងសូមជូនពរក្រុមហ៊ុន ទទួលបានជោគជ័យលើកិច្ចការដែលវិនិយោគ នៅពេលអនាគត។
ប្រមុខរាជរដ្ឋាភិបាល ស្នើក្រុមហ៊ុន ទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។
គូសបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយ របស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦ តទៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)