ភ្នំពេញ៖ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនាពេលនេះ គឺជាការដើរគាស់ទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស។ ជាការគូសបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២,៥០០នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្តថា កម្មវិធីច្រើន ហើយមមាញឹកបែបនេះ មិនមែនដោយសារ ជំនួយការនោះទេ តែដោយសារការសម្រេចចិត្តរបស់ខ្ញុំផ្ទាល់តែម្តង ពីព្រោះថាបើជំនួបរបស់ខ្ញុំជាមួយដៃគូអន្តរជាតិ ត្រឹម ១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះខ្ញុំត្រូវតែចំណាយ ពេលជួបដោយមិនខ្វល់ពីការនឿយ ហត់។
ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។ ជាការបន្តរបស់ សម្ដេចធិបតី។
សម្ដេចធិបតី បានបន្ថែមថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ អាចទាក់ទាញការវិនិយោគនៅកម្ពុជា។
នៅឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហ្វ្រង់ហ្វូកូនី ខណៈ ដែលកម្ពុជាបានដាក់ជាបេក្ខជនរួចហើយ។ ជាការបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាល។
គូសបញ្ជាក់ថា សម្ដចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។
ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងកម្ពុជា-រដ្ឋបារាំង លើវិស័យ សំខាន់ៗ ជាពិសេស លើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំង ការលើកស្ទួយសន្តិភាពនៅលើពិភពលោក។
ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។
គណៈប្រតិភូ ក៏នឹងបន្តចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេស ស្វីស។ កិច្ចប្រជុំនេះមានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើ គោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)