ភ្នំពេញ៖ កម្ពុជា បាននាំអង្ករទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០តោន ស្មើនឹង ៥៤លានដុល្លារ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុប។
លោកស្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការ បញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាលើកទី១ ក្នុងបរិមាណ ៥០០តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០តោន ស្មើនឹង ៥៤លានដុល្លារ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាង ពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា។ បើតាម លោកស្រី ចម និម្មល បន្តថា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានាដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណ ងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។
លោកស្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា នឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យ ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធបន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាក អន្តរជាតិ ផងដែរ
លើសពីនេះ ក្រសួងពាណិជ្ជកម្ម នឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្មដែលរៀបចំឡើងនៅចុងខែកុម្ភៈឆ្នាំ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញនិងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករកម្ពុជា។ ជាការបន្ថែម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
សូមរម្លឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។
ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ នៅក្នុងនោះ ទីផ្សារប្រមាណ ៩៧,៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជាទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)