Register Already an agent ? Login

គិតត្រឹមដឺមខែឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៥៧៩ ៧៦៤ក្បាលដី នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្នុងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃអនុវត្ត រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ៥៧៩ ៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២ ៦៣៧ក្បាលដី គូសក្បាលដីបានចំនួន ៥៧១ ៤៤១។

ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញនិងកំណត់គោលដៅជាយុទ្ធ សាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។ បើតាមការ លើកឡើងរបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាប្រពលរដ្ឋក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។

ពិធីខាងលើធ្វើឡើងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក វ៉ី សំណាង បានបន្តថា ដោយឡែក ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស និងធនធានពីក្រុមការងារ មកពីរាជធានីភ្នំពេញ នឹងអាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ បច្ចុប្បន្ន ទូទាំងខេត្តមានមន្ត្រីក្រុមការងារចុះ បញ្ជីដីមានលក្ខណៈជាប្រព័ន្ធមានចំនួនសរុប ២១ក្រុម ស្មើនឹង៥១២នាក់។

លោក អភិបាលខេត្ត បានបន្តថា ក្នុងនោះ ចំពោះលទ្ធផលសរុបគិត ចាប់ពីថ្ងៃអនុវត្ត រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានអនុវត្តចំនួន៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន៩ វាស់វែងបានចំនួន ៥៧៩ ៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២ ៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១ ៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦ ៥៨៣។

អញ្ជើញជាអធិបតីខាងលើ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា នេះ ជាគម្រប់៤០ឆ្នាំនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋមានន័យថា បានបញ្ចប់វិវាទនិងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់របស់បង ប្អូនតាមផ្លូវច្បាប់ផងដែរ។

លោក បានថ្លែងបន្តថា ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើរការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះ លោក បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិព្រៃញាតិ ភូមិដូង ភូមិផ្លូវដំរី ចំនួន១ ៧៧២ក្បាលដី ក្នុងស្រុកគងពិសី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)