ភ្នំពេញ៖ ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ក្នុងអំឡុងមួយទសវត្សរ៍មុននឹងមានការផ្ទុះជំងឺកូវីដ-១៩ ប្រទេសនេះរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ និងបំណុលសាធារណៈឱ្យនៅខាងក្រោម ៤០% នៃផលិតផលក្នុងស្រុកសរុប។
កំណើនដ៏ឆាប់រហ័សនេះ បាននាំមកនូវផលចំណេញលឿនដូចគ្នាដែរ នៅក្នុងការកាត់បន្ថយភាពក្រីក្រ ដែលធ្លាក់ចុះមកនៅអត្រាត្រឹម ១៨% ក្នុងឆ្នាំ២០២០ ពី ២៦% កាលពីប្រាំមួយឆ្នាំមុន។ មានន័យថា ប្រជាជនកម្ពុជាចំនួន ១,២លាននាក់ថែមទៀត ត្រូវបានជួយឱ្យចាកផុតពីជីវភាពរស់នៅក្នុងកម្រិត ២,៧ដុល្លារ ឬតិចជាងនេះ ក្នុង១ថ្ងៃ។
ជាមួយនឹងសមិទ្ធផលជាទីចាប់អារម្មណ៍ទាំងនេះ ក៏នៅមាន ៥០% នៃប្រជាជនកម្ពុជា ដែលរស់ក្នុងកម្រិតជីវភាពគិតជាប្រាក់ ៤,១៥ដុល្លារ ឬតិចជាងនេះ ក្នុងមួយថ្ងៃនៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវខិតខំបន្តរក្សាអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងដើម្បីកាត់បន្ថយភាពក្រីក្របន្ថែមទៀត។
ឆ្នាំ២០២៣ បានដល់ទីបញ្ចប់ហើយ ខណៈដែលសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តធ្លាក់ចុះ។ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនក្នុងកម្រិត ៥,៤% ដែលខ្ពស់ជាងគេក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏នៅតែទាបជាងច្រើននៅឡើយ បើប្រៀបទៅនឹងកំណើនប្រចាំឆ្នាំជាមធ្យម ៧,២% ដែលកម្ពុជាសម្រេចបានក្នុងមួយទសវត្សរ៍មុនការរាតត្បាតនៃជំងឺកូវីដ-១៩។
ការធ្លាក់ចុះនេះ មួយផ្នែកធំ គឺទាក់ទងជាមួយបរិយាកាសសកលដែលកំពុងជួបការលំបាកច្រើន ដោយសារការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, បំណុលខ្ពស់ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងទុកថា នឹងបន្តថយសន្ទុះនៅឆ្នាំក្រោយ ដែលជារយៈពេលបីឆ្នាំជាប់ៗគ្នា។ ចរន្តពាណិជ្ជកម្ម និងការវិនិយោគសកល ដែលកំពុងថយថាមពលស្រាប់ នឹងធ្វើឱ្យចក្ខុវិស័យមានភាពអាប់អួរក្នុងរយៈពេលខ្លី ប៉ុន្តែវាក៏បង្កើនក្តីបារម្ភអំពីទស្សនវិស័យរយៈពេលវែងផងដែរ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាប្រទេសមួយតូចមានសេដ្ឋកិច្ចបើកចំហ កម្ពុជាមិនអាចគេចផុតពីការរងផលជះរបស់សភាពការណ៍សកលទាំងនេះឡើយ។
បរិយាកាសនៅខាងក្រៅមិនត្រឹមតែមានចំណែកក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះទេ ប៉ុន្តែ វាក៏បានបង្កបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៅក្នុងប្រទេសផងដែរ។ បញ្ហាប្រឈមទាំងនេះមានតាំងតែពីមុនផ្ទុះជំងឺរាតត្បាតម្ល៉េះ ប៉ុន្តែវាមិនសូវស្តែងឱ្យឃើញខ្លាំងប៉ុន្មានទេដោយសារ កាលនៅប៉ុន្មានឆ្នាំមុននោះទុនពីខាងក្រៅសម្រុកហូរចូលប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដែលធ្វើឱ្យវិស័យសំណង់មានសកម្មភាពស្ទុះឡើងយ៉ាងឆាប់រហ័ស នៅមុនសម័យកូវីដ-១៩។
នៅក្នុងការធ្វើបច្ចុប្បន្នកម្មរបស់ធនាគារពិភពលោកលើការវិភាគជាប្រព័ន្ធអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា (World Bank’s Systematic Country Diagnostic Update for Cambodia) កាលពីពេលថ្មីៗនេះ យើងបានបង្ហាញថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយ គឺបានមកពីកំណើនលើកត្តាតែមួយមុខ (factor accumulation) អមដោយផលិតភាពអវិជ្ជមាន។ ការវិនិយោគ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យសំណង់ មានចំនួនជាង ៩០% នៃកំណើននៅក្នុងទសវត្សរ៍ចុងក្រោយនេះ។
ផ្ទុយទៅវិញ កំណើនផលិតភាពកត្តាសរុប ដែលជារង្វាស់នៃប្រសិទ្ធភាពនៃការបែងចែកធនធាន និងការច្នៃប្រឌិតក្នុងសេដ្ឋកិច្ច គឺមានភាពអវិជ្ជមាន។ កត្តាមួយដែលរួមចំណែកដល់ការថយចុះផលិតភាព គឺមកពីការផ្លាស់ប្តូររចនាសម្ព័ន្ធមានល្បឿនយឺត។ និយាយឱ្យចំការផ្លាស់ទីរបស់កម្លាំងពលកម្មពីវិស័យកសិកម្ម ដែលមានផលិតភាពទាប ទៅកាន់ផ្នែកផលិតកម្មដែលមានផលិតភាពខ្ពស់ មានចំនួនថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគចំណែកការងារក្នុងវិស័យកសិកម្មបានធ្លាក់ចុះពី ៥៦% ក្នុងឆ្នាំ២០១១ មកនៅត្រឹម ៣៦% ក្នុងឆ្នាំ២០១៦ ប៉ុន្តែភាគចំណែកពលកម្មក្នុងវិស័យនេះ នៅស្ថេរដដែលចាប់តាំងពីពេលនោះមក។
ស្ថានភាពនេះ គួបផ្សំជាមួយកំណើនក្នុងវិស័យសំណង់ សបញ្ជាក់ឱ្យឃើញថា កម្មករចំនួនតិចតួចណាស់ដែលផ្លាស់ចេញទៅធ្វើការក្នុងវិស័យមានផលិតភាពខ្ពស់ ដូចជាផ្នែកកម្មន្តកម្ម ជាដើម។ កំណើនផលិតភាពការងារសរុបដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនប្រកបដោយចីរភាពនៃប្រាក់ឈ្នួល ក៏បានថយចុះខ្លាំងដែរក្នុងពេល ៥ឆ្នាំចុងក្រោយនេះ ពីជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រវាងឆ្នាំ២០១១ និង២០១៦ មកនៅត្រឹម ២,៤% រវាងឆ្នាំ២០១៦ និង២០២១។ ទោះបីជាមានកំណើនផលិតភាពការងារក៏ដោយ ក៏កម្រិតផលិតភាពការងារសរុបជាក់ស្តែងរបស់កម្ពុជា នៅតែទាបជាងនៅវៀតណាម និងថៃ ដែលមានកម្រិតខ្ពស់ជាង ៣ និង ៥ ដង រៀងៗខ្លួន៕
ប្រភព៖ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា
ដោយ៖ មឿន ឌីណា (Moeun Dyna)