Register Already an agent ? Login

លោកFumiaki៖ SMEs ៤លានក្រុមហ៊ុននៅជប៉ុន បើកម្ពុជាទាក់ទាញបានតែ០.១% ប្រមាណ៤ពាន់ក្រុមហ៊ុន អាចនឹងមកវិនិយោគនៅកម្ពុជា

Tokyo៖ Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់នាជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុង Tokyo ប្រទេសជប៉ុនថា សមាគមនឹងបើកការិយាល័យនៅកម្ពុជា ឆាប់ៗខាងមុខនេះ ការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា, SMEs មានប្រមាណ ៤លានក្រុមហ៊ុនប្រទេសជប៉ុន។ បើទាក់ទាញបានត្រឹមតែ ០.១% នោះប្រមាណ ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុន អាចនឹងមកវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុញ្ញាតឱ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី១០ ខែមករា ២០២៤។

លោក ប្រធានសមាគម បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចំណាយពេលទទួលជួប លោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក បានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។

លោក Fumiaki បានមានប្រសាសន៍ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

លោក មានប្រសាសន៍ថា បញ្ជាក់ថា ហេតុនេះប្រសិនបើ យើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយ ស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ លោក Kishida Fumio នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

គូសបញ្ជាក់ថា ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។

នៅក្នុងជំនួបនេះផងដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលាបណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)