Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ សម្រេចបាន ៤៦ពាន់លានដុល្លារ ធ្លាក់ចុះជិត២% ១២ខែឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ៤៦,៨២៨,០៣២,០០០ដុល្លារ ធ្លាក់ចុះ ១,៩% ​បើ​ធៀប​ឆ្នាំ​២០២២។ បើតាមតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តថា កម្ពុជានាំចេញទំនិញទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារ កើន ១.៨%។

កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥% បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។ បើតាមរបាយការណ៍ដដែល។

របាយការណ៍ដដែល បានបន្តទៀតថា ចំនួន​ទឹកប្រាក់​នាំ​ចេញ​-​នាំចូល​ទំនិញ​នេះ ​បានធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ មាន​ឱនភាព​ប្រមាណ​ ១,៥៤ពាន់​លាន​ដុ​​ល្លារ ប៉ុន្តែ ​វា​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​២០២២ ដែល​ឱនភាព​មាន​រហូតដល់ ៣,២១​ពាន់​លាន​ដុល្លារ​។

បើតាមរបាយការណ៍បានបញ្ជាក់ថា ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទេសចិន មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន ៥%, អាមេរិក មានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយ ១.៤%, វៀតណាមជាង ៦ពាន់លានដុល្លារ កើន ៧.៣%, ប្រទេសជប៉ុនជាង ១ពាន់លានដុល្លារ ធ្លាក់ ៧.២% និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។

សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៣ គឺមាន​ទឹកប្រាក់​សរុប ៤,៣៣​ពាន់​លាន​ដុល្លារ កើន ២,៩៨%​។ ទំនិញ​កម្ពុជា ​នាំទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ២,១៥​ពាន់​លាន​ដុល្លារ កើន ៧,១% និង​នាំចូល ២,១៧៣ពាន់​លាន​ដុល្លារ ធ្លាក់ ០,៨%​។​ បើតាមប្រភពដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)