Register Already an agent ? Login

អ្នកជាប់ពន្ធនឹងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ១ឆ្នាំពេញ

ភ្នំពេញ៖ អ្នកជាប់ពន្ធនឹងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា (DTA)សម្រាប់រយៈពេលមួយឆ្នាំពេញ។

ក្នុងគោលបំណងផ្តល់ការលើកទឹកចិត្ត និងភាពងាយស្រួលបន្ថែមទៀតជូនអ្នកជាប់ពន្ធដែលជានិវាសនជននៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) របស់កម្ពុជា ក្នុងការអនុវត្ត ក៏ដូចជាទទួលបានអត្ថប្រយោជន៍ស្របច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន អគ្គនាយកដ្ឋានពន្ធដារនឹងផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង សម្រាប់រយៈពេលមួយឆ្នាំពេញលើគ្រប់ករណីស្នើសុំ ដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា នៃឆ្នាំជាប់ពន្ធចរន្ត ដោយអ្នកជាប់ពន្ធត្រូវរួសរាន់ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នេះ មកអគ្គនាយកដ្ឋានពន្ធដារ ស្របតាមនីតិវិធីជាធរមាន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជាបានចុះកិច្ចព្រមព្រៀង និងមានប្រសិទ្ធភាពអនុវត្តស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសដែលជាយុត្តាធិការដៃគូចំនួន ៩ រួមមាន៖ សិង្ហបុរី ថៃ ចិន ព្រុយណេ វៀតណាម រដ្ឋបាលពិសេសហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សាធារណៈរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាជាមួយតំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសតួកគី។

ដោយឡែកប្រទេសដែលជាយុត្តាធិការ ដៃគូចំនួន ៧ ផ្សេងទៀតរួមមាន ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)