Register Already an agent ? Login

កម្ពុជា នាំទំនិញទៅទីផ្សារចិន ទទួលបានទឹកប្រាក់ជាង ១៤០០លានដុល្លារ កើនជិត២0% ១២ខែឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិន សម្រេចបានទឹកប្រាក់ ១៤៧៨ លានដុល្លារ កើន ១៩.២% ខណៈ ការនាំចូលមានទឹកប្រាក់ប្រមាណ ១០ប៊ីលានដុល្លារ កើន ៣.៣% បើធៀបនឹងឆ្នាំ២០២២។ តាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាម តាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបន្តឱ្យដឹងថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

សម្រាប់ទំនិញនាំចូលកម្ពុជា រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍ អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពី អយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

សូមរម្លឹកថា ក្នុងឆ្នាំ២០២៣ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជា ២២.៦ប៊ីលានដុល្លា រកើន ១.៨% ក្នុងនោះ អាមេរិក មានតម្លៃជាង ៨.៨ប៊ីលានដុល្លារ ថយ ០.៨%, វៀតណាម មានតម្លៃជាជិត ៣ប៊ីលានដុល្លារ កើន ៣៧.១%, ជប៉ុនមានតម្លៃជាង ១ប៊ីលានដុល្លារ ថយ ០.២%, ថៃ មានតម្លៃជាង ៨១៧លានដុល្លារ ថយ ១.៧% រួមនឹងទីផ្សារ ផ្សេងទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)