Register Already an agent ? Login

ឈ្វេងយល់ ពីប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ដើម្បីត្រៀមប្រកាសនិងបង់ប្រាក់ពន្ធ

ភ្នំពេញ៖ ឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing)ដើម្បីត្រៀមលក្ខណៈប្រកាសនិងបង់ប្រាក់ពន្ធនាពេលខាងមុខ។

ពន្ធចំណូល ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវប្រកាសនិងបង់ប្រាក់ពន្ធនៅអំឡុងថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធបន្ទាប់។

ដើម្បីសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ព្រមទាំងបានទាន់ពេលវេលា អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍប្រព័ន្ធនិងកម្មវិធីទូរស័ព្ទ សម្រាប់អ្នកជាប់ពន្ធប្រើប្រាស់ក្នុងការប្រកាសនិងបង់ប្រាក់ពន្ធនេះ ក្នុងនោះ អ្នកជាប់ពន្ធតូច អាចប្រើប្រាស់កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) ដោយឡែក អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing)។

ក្នុងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing) អ្នកជាប់ពន្ធអាចបង្កើតលិខិតប្រកាសពន្ធ ដោយត្រូវបញ្ចូលទិន្នន័យទាំងអស់ដែលមានក្នុងលិខិតប្រកាសដោយឡែកចំពោះលិខិតប្រកាសដែលធ្លាប់បានប្រកាសនិងបង់ពន្ធតាមប្រព័ន្ធនេះរួចរាល់ពីឆ្នាំកន្លងនោះ ប្រព័ន្ធនឹងទាញទិន្នន័យដែលមានក្នុងលិខិតប្រកាសពន្ធឆ្នាំចាស់ (N-1) ដោយស្វ័យប្រវត្តិ។

បន្ទាប់ពីបំពេញទិន្នន័យរួចរាល់អ្នកជាប់ពន្ធត្រូវបោះពុម្ពពាក្យស្នើសុំបង់ប្រាក់ពន្ធ រួចបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ e-Payment ឬបង់នៅតាមបណ្តាសាខា ធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងជំហានចុងក្រោយបោះពុម្ពលិខិតបញ្ជាក់ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ជាការស្រេច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)