ភ្នំពេញ៖ ពន្ធលើប្រាក់ចំណូលជាប្រភេទពន្ធប្រចាំឆ្នាំ ដែលជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គលដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ។
យោងតាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវកំណត់ដូចខាងក្រោម៖
-២០% ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយនីតិបុគ្គល
-៣០% ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានក្រោមកិច្ចព្រមព្រៀងប្រេងកាត ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃ
-០% ចំពោះប្រាក់ចំណូលជាប់ពន្ធរបស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេលលើកលែងពន្ធស្របតាម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមថ្នាក់។ ដោយឡែកសហគ្រាសធានារ៉ាប់រង ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ដូចខាងក្រោម៖
-ចំពោះសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់ ឃាត់ស្មើនឹង ៥% នៃ ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ។
-ចំពោះសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រងឬធានារ៉ាប់រង បន្តលើទ្រព្យសម្បត្តិឬហា ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)