Register Already an agent ? Login

រដ្ឋាភិបាលឆេក បានលុបចោលបំណុលរបស់កម្ពុជា បង្វែរទៅជាជំនួយអភិវឌ្ឍន៍ផ្លូវការ

ភ្នំពេញ៖ សាធារណរដ្ឋឆេក បានលុប​ចោលបំណុលរបស់កម្ពុជា​ ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍​ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ បើតាមជំនួបពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា។

ជំនួបនេះ ធ្វើឡើងបន្ទាប់ពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងឆេក និងកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។

លោក ក៏បានបញ្ជាក់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជា ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ជនបទ វិស័យកសិកម្ម វិស័យសន្តិសុខ សាយប័រ (Cyber Security) និងបច្ចេកវិទ្យា ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆេក ដែលនៅបន្តផ្ដល់អាហាររូប ករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆេក តាំងពីទស្សវត្សរ៍ឆ្នាំ១៩៨០។ ជាមួយគ្នានេះ អំបានអរគុណដល់ សាធារណរដ្ឋឆេក ដែលបានលុបចោលនូវបំណុលកម្ពុជា ដោយបានបង្វែរទៅជាជំនួយកអភិវឌ្ឍន៍ផ្លូងការវិញដល់ព្រះរាជា ណាចក្រកម្ពុជា។

សម្តេចធិបតី ក៏គូសបញ្ជាក់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខសាយប័រ (Cyber Security) បច្ចេកវិទ្យា វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យ កសិកម្ម ជាពិសេសការសិក្សារៀនសូត្រពីកត្តាជោគ ជ័យនិងបទពិសោធន៍របស់សាធារណរដ្ឋឆេកលើវិស័យកសិកម្ម បែបសហគមន៍។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ក្នុងអាណត្តិរបស់ លោក Martin Vávra ដែលជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងសម្រេចបាននូវសមិទ្ធផលធំៗជា ផ្លែផ្កាបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)