ភ្នំពេញ៖ វិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាព ដែលមានសែស្រឡាយពាក់ព័ន្ធនៅកម្ពុជា ក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
បើតាមជំនួបនេះ ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយាន យន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។
នាឱកាសនោះ លោក សួន សុផល បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។
បន្ថែមពីនេះ លោក ក៏បានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំ ខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។
លើសពីនេះ អគ្គលេខាធិការរង គ.វ.ក. បានឆ្លៀតយកឱកាសបំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពរៀបចំ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវសេចក្តីសោមន្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។
ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានសន្យាថានឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើទៅជម្រាបជូនថ្នាក់ដឹកនាំនៃសហគ្រាសរបស់ ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារមកកាន់កម្ពុជា នាពេលខាងមុខ ។
ដោយ៖ មឿន ឌីណា (Moeun Dyna)