កំពង់ឆ្នាំង៖ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៣ ៥០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ឃុំត្រពាំងចាន់ និងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រសួងអភិវឌ្ឍន៍ ចុះត្រួតពិនិត្យស្តារកែលម្អផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៣ ៥០០ម៉ែត្រ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
ផ្លូវក្រាលក្រួសក្រហម១ខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រោយពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ត្រីបច្ចេកទេសធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ។
គូសបញ្ជាក់ថា នៅតាមបណ្ដោយផ្លូវនេះ មានប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ២ ៥០០គ្រួសារ ស្មើនឹង ១០ ១១៣នាក់ ប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និង ទទួលសេវាសាធារណៈផ្សេងៗ៕
ដោយ៖ (Moeun Dyna)