Register Already an agent ? Login

កម្ពុជា រក្សាជំហរក្នុងការជំរុញឱ្យមានកិច្ចការងារវិនិយោគបន្ថែម ជាមួយភាគីចិន

ភ្នំពេញ៖ កម្ពុជា រក្សាជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការការងារជាច្រើនផ្សេងទៀតជាមួយភាគីចិន ខណៈប្រទេសចិនបានក្លាយជាប្រទេសទី១ដែលវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ លោក Wang Luming បានជម្រាបជូន លោក ស៊ុន ចាន់ថុល នូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជាភាពមមារញឹកនៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។

ស្របតាមមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ លោក បានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបលើការលើកឡើងអំពីភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគជាច្រើន ហើយជាក់ស្ដែងប្រទេសចិនបានក្លាយជាប្រទេសទី១ ដែលវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

លោក បានបន្តថា កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបន្ថែមផងដែរអំពី គំនិតផ្ដួចផ្ដើមរវាង សម្តេចមធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត៕ 

ដោយ៖ មឿន ឌីណា (Moeun Dyna)