ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញអង្ករប្រមាណជាង ៦៥៦ ៣២៣តោន កើន ៣% ទទួលបានប្រាក់ ៤៦៦លានដុល្លារ ខណៈ នាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣តោន គិតជាប្រាក់ប្រមាណ ១.៣២ពាន់លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
កម្ពុជា បាននាំចេញអង្ករចំនួន ៦៥៦ពាន់តោន ទៅទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុននាំចេញអង្ករ ៦៣ ទៅកាន់ ៦១គោលដៅ។ ក្នុងនោះ ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង ចំនួន ២១២ ៧៥៦តោន គិតជាប្រាក់ ១៣៨លានដុល្លារ, ប្រទេសនៅទ្វីបអឺរ៉ុប ២៦ប្រទេស បរិមាណ ២៦៤ ៦៨៣តោន គិតជាប្រាក់ ១៩១លានដុល្លារ, ប្រទេសសមាជិកអាស៊ាន ចំនួន ៧ប្រទេស ៩៣ ៣៧៦តោន គិតជាប្រាក់ ៦២លានដុល្លារ ព្រមទាំងទៅគោលដៅផ្សេងៗទៀតរួមមានទ្វីបអា្រហ្វិក និងមជ្ឈិមបូព៌ា ២៦ប្រទេស ចំនួន ៨៥ ៥០៨តោន គិតជាប្រាក់ ៧៦លានដុល្លារ។
បើតាមរបាយការណ៍បានបញ្ជាក់ថា ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ៨២,២៩%, អង្ករស ១២,៩៤%, អង្ករចំហុយ ២,៩២% អង្ករសរីរាង្គ ១,៦២%, អង្ករសគ្រាប់ខ្លី ០,០៣% និងអង្ករដំណើប ០,២%។
ជាមួយគ្នានេះ កម្ពុជា បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣តោន គិតជាប្រាក់ ១,៣២ពាន់លានដុល្លារ ក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវបានកើនឡើងចំនួន ២៦,៥០% និងទឹកប្រាក់បានពីការនាំចេញស្រូវកើនឡើង ៥៦,៦៩% បើធៀបគ្រាដូចគ្នាឆ្នាំ២០២២។
សម្ដេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែនៃប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីការចរចាបើកទីផ្សារបានសម្រេចក្នុងខែសីហា ឆ្នាំ២០២៣។
ដើម្បីជំរុញកំណើននៃការនាំចេញអង្ករ ក្រសួងពាណិជ្ជកម្មបានចុះ MoU ស្តីពីពាណិជ្ជកម្មអង្ករជាមួយបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសទីម័រឡេស្តេ បាននាំចេញរួចហើយក្នុងបរិមាណ ៤ ០០០តោន, ហ្វីលីពីន ២ ៣០០តោន, និងឥណ្ឌូនេស៊ី ចំនួន ១៥ ០០០តោន។ បើតាមការលើកឡើងរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤។
លោកស្រី បានបន្តថា បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យឡើងវិញនូវលទ្ធផលដំឡើងកម្រិតបរិមាណនាំចេញ ២០% ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន ខណៈ កន្លងទៅមានចំនួន ៤០ម៉ឺនតោនរួចហើយ។ ក្រសួងកំពុងពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដើម្បីជំរុញការនាំចេញថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)