កោះកុង៖ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានប្រវែង១២៦ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោម អធិបតីភាព សម្ដេចធីបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
ស្ពានកោះយ៉ងនេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ចំនួន ១,៣៨៧,០០០ដុល្លារ ដើម្បីសម្រួលចរាចរណ៍ ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពីស្ពានបាឡេដែលឆ្លងកាត់ព្រែកកោះយ៉នេះមាន សភាពចាស់ទ្រុឌទ្រោម។
ស្ពាននេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់ដើមឆ្នាំ២០២៤នេះ ជូនប្រជាជនរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្ពាននេះ មានប្រវែង ១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេច ហ៊ុន សែន តាមរយ: អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងលោកជំទាវ។ ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)