Register Already an agent ? Login

អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលអ្នកដំណើរសរុបជាង ៥០ម៉ឺននាក់ ខណៈជើងហោះហើរ១,២ម៉ឺន ក្នុងឆ្នាំ២០២៣

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានទទួលអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ ក្នុងឆ្នាំ២០២៣ មានជើងយន្តហោះទៅនិងមកសរុប ១២ ៥៩៤ជើង។ បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ “Siem Reap Angkor International Airport" កាលពីព្រឹកថ្ងៃទី១៦ ខវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិននឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។​

សម្តចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួម ពីស្ថាប័នរដ្ឋនិងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំនិងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖

ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម។

អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១១០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល ៥៥ឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពអាចឱ្យន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី ដូចជា A-340-300, A-350-900 និង B777 និង B747 ចុះចតបាន។ ព្រលានយន្តហោះនេះ ចំណតយន្តហោះចំនួន ៣៨ចំណត ដែលអាចទទួលអ្នកដំណើរបានពី ៧លាននាក់ទៅជាង ១០លាននាក់ និងអាចទទួលជើងហោះហើរពីជិត ៦ម៉ឺនជើងទៅជាង ៨ម៉ឺនជើង និងទំនិញពី ១ម៉ឺនតោនក្នុង១ឆ្នាំ ទៅ៣ម៉ឺនតោនក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៤០។

គួររម្លឹកថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មានទីតាំងតូច និងជិតប្រាសាទអង្គរវត្ដ ដែលមិនអាចចុះចតយន្ដហោះធំៗបាន នឹងបិទការហោះហើរជាផ្លូវការចាប់ពីម៉ោង០០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ជាសមិទ្ធិផលដ៍ធំបំផុតមិនធ្លាប់មាននៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)