Register Already an agent ? Login

ឈ្វេងយល់ពីរំលស់សារពើពន្ធចំពោះទ្រព្យអរូបី កសិកម្ម និងធនធានធម្មជាតិ

ភ្នំពេញ៖ រំលស់ គឺជាការកត់ត្រាអំពីការសឹករេចនៃទ្រព្យសកម្មដែលបណ្តាលមកពីការប្រើប្រាស់ ពេលវេលាប្រើប្រាស់ ការផ្លាស់ប្តូរបច្ចេកវិទ្យា ឬពីមូលហេតុផ្សេងទៀត ដោយធ្វើការបែងរំលែកបរិយាទាននៃទ្រព្យសកម្មទៅតាមរយៈពេល គ្រោងទុកនៃការប្រើប្រាស់(អាយុកាលប្រើប្រាស់) ដែលផ្អែកតាមផែនការរំលស់មួយ។

យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីសារពើពន្ធ ការធ្វើរំលស់សារពើពន្ធចំពោះទ្រព្យអរូបី កសិកម្ម និងធន ធានធម្មជាតិ ត្រូវបានកំណត់ដូចខាងក្រោម៖

១. រំលស់ទ្រព្យអរូបី ៖ អ្នកជាប់ពន្ធត្រូវធ្វើរំលស់ទ្រព្យអរូបីដែលមានជាអាទិ៍ ប្រកាសនីយបត្រតក្កកម្ម សិទ្ធិអ្នកនិពន្ធនិង សិទ្ធិប្រហាក់ប្រហែល គំនូរឧស្សាហកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ម៉ាកឬពាណិជ្ជនាម សិទ្ធិអាជីវកម្ម ដែលមានអាយុកាលមានកំណត់ និងទ្រព្យសកម្មរយៈពេលវែងផ្សេងៗទៀត ត្រូវធ្វើរំលស់ស្មើភាគទៅតាមអាយុកាលរបស់ ទ្រព្យនីមួយៗ។ ប្រសិនបើអាយុកាលនៃទ្រព្យអរូបីមិនអាចកំណត់បាន រំលស់ប្រចាំឆ្នាំត្រូវអនុវត្តតាមវិធីរំលស់ស្មើភាគក្នុង រយៈពេល ១០ឆ្នាំ។

២ . កសិកម្មរយៈពេលវែង (ទ្រព្យសកម្មជីវសាស្ត្រ) ត្រូវប្រើវិធីរំលស់ស្មើភាគដូចខាងក្រោម៖

-ដំណាំកសិកម្ម៖ ត្រូវកត់ត្រាបង្ករទៅក្នុងគណនីទ្រព្យសកម្មជីវសាស្ត្រនូវចំណាយនានាក្នុងការអភិវឌ្ឍ ចំណាយពាក់ព័ន្ធ ផ្ទាល់ជាមួយការដាំដុះ រួមទាំងចំណាយការប្រាក់ទាក់ទិននឹងការអភិវឌ្ឍនិងការដាំដុះ និងចំណាយរៀបចំហេដ្ឋារចនា សម្ព័ន្ធដែលបម្រើឱ្យការដាំដុះ។

ការចិញ្ចឹមសត្វ៖ ត្រូវកត់ត្រាបង្ករទៅក្នុងគណនីទ្រព្យសកម្មជីវសាស្ត្រនូវចំណាយនានាក្នុងការអភិវឌ្ឍ ចំណាយពាក់ព័ន្ធ ផ្ទាល់ជាមួយ នឹងការចិញ្ចឹមសត្វ រួមទាំងចំណាយការប្រាក់ទាក់ទិននឹងការអភិវឌ្ឍនិងការចិញ្ចឹមសត្វ និងចំណាយរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដែល បម្រើឱ្យការចិញ្ចឹមសត្វ។

៣. រំលស់ធនធានធម្មជាតិ៖

-ត្រូវកត់ត្រាបង្ករទៅក្នុងគណនីទ្រព្យសកម្មនូវចំណាយនានាក្នុងការរុករកនិងអភិវឌ្ឍន៍ ក្នុងនោះមានទាំងការប្រាក់ដែល ជាប់ទាក់ទិន នឹងចំណាយនោះផង។

-ទឹកប្រាក់រំលស់លើធនធានធម្មជាតិក្រៅពីរ៉ែនិងប្រេងកាត ដែលត្រូវអនុញ្ញាតឱ្យកាត់កងនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវគណនា ដោយយកសមតុល្យនៃគណនីធនធានធម្មជាតិទៅគុណនឹងផលចែករវាងបរិមាណដែលបានផលិត ចេញអំពីធនធានធម្មជាតិនៅក្នុងឆ្នាំ និងចំនួនប៉ាន់ស្មាននៃផលិតផលសរុបដែលអាចទាញយកបានពីធនធាននោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)