ភ្នំពេញ៖ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាម ដោយរំពឹងថាប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអំពីកិច្ចការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទី ជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។
លោក បានបន្តថា ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគ ផងដែរ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី នឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែង យល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ។
ក្នុងជំនួប លោក លោក Nguyen Huy Tang បានបង្ហាញក្ដីរំពឹងថាប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងគ្នាបន្ថែមទៀត។ ហើយ លោក ក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាម ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)