ភ្នំពេញ៖ របាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៣ រកចំណូលបាន ៣៧ ១៩៨ ៩៨៨ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
បើតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើន ១៧៧,៧៣% ធៀបនឹងឆ្នាំ២០២២។
ការលក់ សំបុត្រនៅប្រាសាទកោះកែរ ១២ខែ ឆ្នាំ២០២៣ បានចំនួន ២២២ ០៩០ដុល្លារ អ្នកទេសចរបរទេស ១៤ ៨០៦នាក់។ បើតាមរបាយការណ៍ដដែល បានបន្តថា ចំណែកនៅតំបន់ចុងឃ្នៀស ភ្នំក្រោម រកចំណូលពីការលក់សំបុត្រទូកបានចំនួន ៥៦៤ ៦៧១ដុល្លារ។
ថវិកា ដែលបានឧបត្ថម្ភចូលនិធិគន្ធបុប្ផា រយៈពេល១២ខែ ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)