Register Already an agent ? Login

ខេត្តសៀមរាប នឹងមានតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី១ពាន់ហិកតា ជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤ ខាងមុខ តំណាង Yunnan Construction Group របស់ចិននឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំ កម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ មានគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។

មានមតិក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោក សួន សុផល បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាមុនឆ្លងឆ្នាំសកលអញ្ជើញមកកាន់ទឹកដីកម្ពុជាដោយផ្ទាល់ ដើម្បីចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធលើប្រធានបទស្តីពីកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមឆ័ត្រទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ​ លោក សួន សុផល បានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិននិងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ក្នុងន័យនេះ អគ្គលេខាធិការរង បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស។

លោក បានបន្តថា តំបន់សេដ្ឋកិច្ចពិសេ សំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណា នមកបណ្តាក់ទុនវិនិយោគ ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញ ដោយសក្តានុពលនិងថាមវន្ត។

លើសពីនេះ លោក ក៏បានគូសបញ្ជាក់អំពីការគាំទ្ររបស់ គណៈកម្មាធិការវិនិយោគកម្ពុជា លើគម្រោងធ្វើឱ្យប្រសើរឡើង នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ក្នុងគោលដៅរួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងអនុតំបន់ ដែលកំពុងតែរង ផលជះអវិជ្ជមានពីបញ្ហាប្រឈមសកលតាមរយៈ៖ ១-ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច, ២-កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម និង ៣-ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជា ហត្ថលេខី។   

ជាការឆ្លើយតប សមភាគី បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់ ​ លោក សួន សុផល លើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។

បន្ថែមពីនេះ ភាគីមិត្ត ក៏បានឆ្លៀតឱកាសនៃជំនួបពិភាក្សាការងារនេះ ដើម្បីគោរពអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជា ចូលរួមកម្មវិធីពិព័រណ៍ ព្រឹត្តិការណ៍ជំរុញវិនិយោគ ក៏ដូចជាវេទិកាគណៈអភិបាល នៃមហាអនុតំបន់មេគង្គ ដែលនឹងប្រារព្ធឡើងនៅខេត្តយុនណាន នាអំឡុងឆមាសទី២ ឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)