Register Already an agent ? Login

អគារខុនដូ J-TOWER 3 កម្ពស់៧៧ជាន់ នៅភ្នំពេញ តម្លៃជាង១៥០លានដុល្លារ បានបើកការដ្ឋានសាងសង់

ភ្នំពេញ៖ គម្រោងសាងសង់ អគារខុនដូ «J-TOWER 3» ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជាកម្ពស់ ៧៧ជាន់ ក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ តម្លៃជាង១៥០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

គម្រោងនេះ ត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍គម្រោងខុនដូជប៉ុនដ៏ល្បីល្បាញ Tanichu Assetment Co., Ltd.។ ខុនដូ J Tower 3 គឺជាអគារខុនដូរប្រកបដោយគុណភាពខ្ពស់បំផុតក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះអភិវឌ្ឍន៍ក្នុងតំបន់បឹងកេងកងទីមួយ រាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ដែលមានកម្ពស់ ៧៧ ជាន់ ប្រវែង ៣២០ម៉ែត្រ ដែលនឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា។

អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី  ដែលធ្វើឱ្យ  J-TOWER 3 នឹងក្លាយជាអគារដ៏ទាក់ទាញនៅកម្ពុជា។ ជាការលើកឡើងរបស់ លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន Tanichu បានបន្តថា អគារកម្ពស់កប់ពពកនេះ នឹងបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។

គម្រោងអគារJ-TOWER 3 គឺជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជានាពេលនេះ ដែលមានកម្ពស់រហូត៣២០ម៉ែត្រ ហើយបើយើងប្រៀបធៀបនៅក្នុងប្រទេសអាស៊ានគឺគម្រោង J-TOWER 3  ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស។ ជាការបន្តទៀត លោក តានី ស៊ុនជី បានបនថែមថា ការវិនិយោគគម្រោងនេះ យើងសម្លឹងមើលនៅរយៈពេល១០ឆ្នាំក្រោយ ថាតើមានគម្រោងណាដែលខ្ពស់ជាងនេះទៀត។

បើតាម លោក អគ្គនាយក សម្រាប់ការសាងសង់អគារនេះ គឺផ្តោតទៅលើគុណភាពមិនឱ្យអន់ជាងគម្រោងផ្សេងៗនៅក្រៅប្រទេសនោះទេ ដោយព្យាយាមពង្រឹងគុណភាពអគារ ការស្នាក់នៅធ្វើម៉េចឱ្យល្អ ហើយមកទល់ពេលនេះ គម្រោងJ-TOWER 3 បានលក់ចេញរហូតទៅដល់ ៧០%ហើយ ស្របពេលដែលទើបតែបុកគ្រឹះនៅថ្ងៃនេះ។​

លោក បានលើកឡើងឱ្យដឹងថា គម្រោងអគារកម្ពស់៧៧នេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹកនៅជាន់ទី៧៧ ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត។ លើសពីនេះគម្រោង J-Tower3 មានអាងហែលទឹកចំនួន ៣បន្ថែមទៀត  មានភោជដ្ឋាន ហាងកាហ្វេ កន្លែង ហាត់ប្រាណធំ ទូលាយ  បន្ទប់ ស្ទីម សូណា បន្ទប់ខារ៉ាអូខេបែបគ្រួសារ កន្លែងបោះប៉ូលីង បន្ទប់ ពិនិត្យ សុខភាព។ ផ្តោតសំខាន់សម្រាប់ការរស់នៅប្រកបដោយភាពសប្បាយរីករាយ នឹងសុវត្ថិភាព ២៤ម៉ោង។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងវិនិយោគអគារខុនដូរួមគ្នានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន WH បានថ្លែងថា មូលហេតុដែលយើងឈានទៅចាប់ដៃគូជាមួយក្រុមហ៊ុន តានីជូ គ្រុប ដើម្បីអភិវឌ្ឍន៍អគារខុនដូកម្ពស់៧៧ជាន់នេះគឺ ដោយការសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន តានីជូ គ្រុប កន្លងមក ដូចជា អគារ J Village, J City, J Tower 1 និង  J Tower 2 សុទ្ធតែទទួលបានជោគជ័យ និងការលក់យ៉ាងល្អប្រសើរ។

គម្រោងអគារ «J-TOWER 3» នឹងក្លាយជាផ្នែកមួយលើកតម្កើងមុខមាត់របស់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គម្រោងនេះនឹងផ្តល់នូវបរិយាបទរស់នៅថ្មីមួយទៀត ដែលទំនើបទាន់សម័យ និងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិក្ខារដ៏សំបូរបែបរបស់អគារ។ ជាការបន្តថា លោក ញឹម រាសី។

លោកស្រី អាង ដាណែត និងលោក បណ្ឌិត ញឹម កលរស្មី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WH បានលើកឡើងរួមគ្នាថា គម្រោងនេះ ក៏នឹងក្លាយជាឱកាសមួយសម្រាប់ការវិនិយោគដែលនឹងផ្តល់ផលចំណេញជាទីគាប់ចិត្ត មិនថាវិនិយោគសម្រាប់ផលចំណេញ   ឬផលចំណូលពីការជួលឡើយ។

សមាជិកទាំងពីរ បានបន្តថា ដូចនេះហើយ ទើបវិនិយោគជនជាតិជប៉ុន និងបរទេសជាច្រើនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោង ហើយគោលបំណងរបស់យើង គឺចង់ពាំនាំឱកាសនេះទៅដល់អ្នកវិនិយោគក្នុងស្រុក ដើម្បីទទួលនូវផលចំណេញ ក៏ដូចជាកន្លែងស្នាក់នៅដែលសមប្រកបដោយផាសុខភាពក្នុងបរិបទជំនាន់ថ្មីផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)