ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង ២០,៤៩ពាន់លានដុល្លារ កើន ១,២ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ២០,២៤ ពាន់លានដុល្លារ។ បើតាមស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ១១ខែកន្លងមកនេះ កម្ពុជានាំទំនិញ ទៅអាមេរិក មានទឹកប្រាក់ច្រើនជាងគេ គឺចំនួន ៨,១៤ពាន់លានដុល្លារ ស្មើ ៣៩,៧% នៃចំនួនទឹកប្រាក់នាំចេញសរុប ធ្លាក់ចុះ ០,៩% ធៀបឆ្នាំ២០២២, វៀតណាម ២,៦១ពាន់លានដុល្លារ ស្មើ១២,៧% កើន ៣៧,៨%, ចិន ១,៣១ពាន់លានដុល្លារ ស្មើ៦,៤ភា% កើន ១៨,៨%, ជប៉ុន ១,០៦ពាន់លានដុល្លារ ស្អើ៥,២% ធ្លាក់ ០,៣% កាណាដា ៧៧៣,៧១ពាន់លានដុល្លារ ស្មើ៣,៨% ធ្លាក់ ២៤,៦%។
កាលពីឆ្នាំ២០២២ ការនាំទំនិញទៅប្រទេសទាំង៥ មានទឹកប្រាក់សរុប ១៤,៦៧ពាន់លានដុល្លារ ស្មើនឹង ៦៥,២% នៃចំនួនទឹកប្រាក់នាំចេញសរុប កើនឡើង ១២,៥៦% ពីចំនួន ១៣,០៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។
បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជាថា មូលហេតុដែលប្រទេសទាំង៥ គឺជាចំណែកសំខាន់ក្នុងការទិញទំនិញពីកម្ពុជា គឺអាចដោយសារកត្តាមួយចំនួនដូចជា៖ ភាពល្អប្រសើរនៃទំនាក់ទំនងការទូត គុណភាពទំនិញកម្ពុជាស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ និងកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីពហុភាគី។
លោក បានបន្តថា សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក-កាណាដា គឺកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP រីឯជាមួយប្រទេសចិន គឺមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងប្រទេសវៀតណាម-ជប៉ុន គឺជាក្រុមប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាក្នុងនោះផងដែរ។
លោក បានគូសបញ្ជាក់ថា ចរាចរណ៍ទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសទាំង៥ នឹងមានច្រើនបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ ខណៈសមត្ថភាពផលិតកម្ម និងគុណភាពទំនិញកម្ពុជា មានភាពល្អប្រសើរជាលំដាប់។
ការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅគ្រប់គោលដៅលើពិភពលោកកើនឡើងកាន់តែខ្ពស់។ បើតាមការលើកឡើង របស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោក បានបន្តទៀតថា កំណើនផលិតកម្មក្នុងស្រុក គឺមិនត្រឹមតែជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះគុណភាពផលិតផលកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ លោកបន្តថា ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន កម្ពុជាបានពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែធំនាពេលនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)