Register Already an agent ? Login

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន តម្លៃជិត២២លានដុល្លារ នៅក្រុងពោធិ៍សាត់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន តម្លៃជិត២២លានដុល្លារ បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់​ជិត​២​ដង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០២៣។

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ងលោក UENO ATSUSHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងជប៉ុន ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាតនៅក្នុងខេត្ត។

លោក ហែម វណ្ណឌី បានថ្លែងថា នេះ​ជា​រោងចក្រ​ផលិតទឹកស្អាត​ទី៣ ក្រោមជំនួយ​ហិរញ្ញប្បទានរបស់​រដ្ឋា​ភិបាល​​ជប៉ុន ​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២៣ បន្ទាប់​ពី​រោងចក្រ​ផលិតទឹក​ស្អាតថ្មី​ ជ្រា​វសៀមរាប និង​រោងចក្រ​ផលិតទឹកស្អាតស្ទឹងសែន​ទី២ ក្នុង​ខេត្តកំពង់ធំ។

លោក រដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ ដែល​ជា​​ស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត បានឆ្លើយតបទៅនឹង​កំណើន​នៃ​តម្រូវការនេះ ដោយបង្កើន​សមត្ថភាពផលិតទឹកស្អាតរបស់ខ្លួន តាមរយៈ​ការសម្ពោធដាក់ឱ្យប្រើប្រាស់​រោង​ចក្រផលិតទឹកស្អាតថ្មី​នេះ។

ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។ ជាការបន្ថែម លោក រដ្ឋមន្ត្រី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ដើម្បីសម្រេចគម្រោងខាងលើក្រសួងនឹងសាងសង់គម្រោងបីសំខាន់ៗ ដើម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ។

ទី១-សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ។ សាងសង់អគារ រដ្ឋបាល តំឡើងបំពង់បូមទឹកនៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥.៤គីឡូម៉ែត្រ ។

ទី២-ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រង គណនេយ្យ  និងទី៣-ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងការ គ្រប់គ្រងផលិតកម្ម ។

គម្រោងសាងសង់ដែលមានតម្លៃចំនួន ២.៤០៥លានយ៉េន ឬស្មើនឹង ២១,៩លានដុល្លារ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្ត ពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ។

តាមរយៈគម្រោងខាងលើនេះ ក្រសួងឧស្សាហកម្មរំពឹងថា នៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% និង ប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន ៦៧.៩% នៃចំនួនប្រជាជនសរុបនឹងទទួលបានអត្ថ ប្រយោជន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)