ភ្នំពេញ៖ រាជធានីភ្នំពេញមានសំណង់ បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៧៧៧អគារ និងបានពិនិត្យលើឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង គិតត្រឹមឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឃួង ស្រេង បានថ្លែងបន្តថា គម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានប្រមាណ ១៣២លានដុល្លារ បន្ថែមទៀត។
បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ។ បើតាមការគូសបញ្ជាក់ លោក ឃួង ស្រេង។
លោក ឃួង ស្រេង បានបន្តទៀតថា ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣រោងចក្រ ក្នុងនោះ រោងចក្រ ដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគ រាជធានីភ្នំពេញមានចំនួន ៨១រោងចក្រ កើនឡើង ១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣លានដុល្លារ។
គម្រោងវិនិយោគនេះបានកើនឡើងយ៉ាងគំហុក ក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល២ឆ្នាំចុងក្រោយនេះ។ ជាការបន្ថែម អភិបាលរាជធានីភ្នំពេញ។
លោក បានបន្ថែមទៀតថា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយរក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៥៣១/៥៦៣ករណី ថយចុះ៣២ករណី ស្មើនឹង៥,៧%។
ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៤៥៩ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)