Register Already an agent ? Login

រាជរដ្ឋាភិបាល ដាក់ចេញវិធានការចំនួន៤ ដើម្បីសម្រួលនិងពង្រីកវិសាលភាពនៃការអនុគ្រោះពន្ធក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ កើតចេញពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមការដឹកនាំផ្ទាល់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ក្នុងគោលដៅជំរុញ កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះ វិស័យកសិកម្មជាវិស័យមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយទទួលបានការសម្រួលនិងពង្រីកវិសាលភាពនៃការអនុគ្រោះពន្ធ តាមរយៈវិធានការចំនួន ៤ រួមមាន ដូចខាចក្រោម៖

១. បន្តលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ឆ្នាំ បន្ថែមទៀត ស្របតាមប្រកាសលេខ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដែលការលើកទឹកចិត្តនេះនឹងត្រូវបានពិនិត្យជាក់ស្តែងក្នុងរយៈពេល ២ឆ្នាំម្ដង។

២. បន្ថែមផលិតផលកសិកម្មចំនួន ៥មុខ ដែលកំពុងមានសក្តានុពលគឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង នៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នានឹងប្រកាសលេខ២៥២ សហវ.ប្រក ចុះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឱ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។

៣. បន្តលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២៤ និងឆ្នាំ២០២៥ ចំពោះសហគ្រាសដាំដុះ ផលិត និង ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វក្នុងស្រុក។

៤. ផ្តល់ការសម្រួលដល់សហគ្រាសក្នុងវិស័យកសិកម្ម ដោយបន្ធូរបន្ថយការអនុវត្តវិធានវិក្កយបត្រចំពោះប្រតិបត្តិការជាមួយកសិករ ដោយកំណត់ត្រឹមលក្ខខណ្ឌតម្រូវឱ្យមានឯកសារបញ្ជាក់ប្រភពនៃការផ្គត់ផ្គង់ច្បាស់លាស់ មានជាអាទិ៍ អត្តសញ្ញាណនិងអាសយដ្ឋានអ្នកផ្គត់ផ្គង់ មុខទំនិញឬសេវា និងព័ត៌មានជាមូលដ្ឋានមួយចំនួនទៀតពាក់ព័ន្ធនឹងការផ្គត់ផ្គង់។

គួរបញ្ជាក់ផងដែរថា ប្រកាសលេខ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាស ផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ បានកំណត់យ៉ាងច្បាស់នូវប្រភេទ ពន្ធអាករដែលត្រូវទទួលបានការលើកទឹកចិត្តដល់សហគ្រាសទាំងនេះ ដោយក្នុងនោះមាន អាករលើតម្លៃបន្ថែម ពន្ធកាត់ទុកលើសេវា និង ពន្ធអប្បបរមា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)