ភ្នំពេញ៖ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចំណាយដែលអនុញ្ញាតឱ្យកាត់កងសម្រាប់គោលដៅពន្ធលើប្រាក់ចំណូល គឺជាចំណាយសម្រាប់អាជីវកម្មដែលសហគ្រាសបានទូទាត់ឬត្រូវសងក្នុងឆ្នាំជាប់ពន្ធនិងត្រូវបំពេញលក្ខខណ្ឌស្របតាមគោលការណ៍ចំណាយ អាចកាត់កងបាន ក្នុងនោះ ភាពពិតនៃចំណាយត្រូវបានបញ្ជាក់អះអាងដោយភស្តុតាងអាចត្រួតពិនិត្យបាន។
ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា សហគ្រាសមួយចំនួនដែលបានទទួលការផ្គត់ផ្គង់ពីកសិករមិនស្ថិតក្នុងរបបស្វ័យប្រកាស មិនបានទទួលវិក្កយបត្រ ឬឯកសារភស្តុតាងបញ្ជាក់ពីប្រតិបត្តិការចំណាយនោះបានត្រឹមត្រូវ និងមិនអាចប្រើប្រាស់ជាចំណាយដែលអាចកាត់កងបាន។
ដូច្នេះ ក្នុងគោលបំណងធានាបាននូវសង្គតិភាពក្នុងការអនុវត្ត និងជួយសម្រួលដល់សហគ្រាសដែលមានប្រតិបត្តិការផ្គត់ផ្គង់ពីកសិករ ជាពិសេស ជួយលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក អគ្គនាយកដ្ឋានពន្ធដារបានណែនាំបន្ថែមអំពីឯកសារភស្តុតាងចំណាយដែលអាចកាត់កងបានសម្រាប់ សហគ្រាសទទួលការផ្គត់ផ្គង់ពីកសិករ ដូចខាងក្រោម៖
១. រាល់ប្រតិបត្តិការផ្គត់ផ្គង់ដោយកសិករដែលគ្មានវិក្កយបត្រត្រឹមត្រូវ សហគ្រាសត្រូវមានលេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ និងលេខទូរស័ព្ទ របស់អ្នកផ្គត់ផ្គង់ លើកលែងតែប្រតិបត្តិការផ្គត់ផ្គង់ម្តងម្កាល និងមានទឹកប្រាក់ក្រោម ២០០ ០០០រៀល មិនតម្រូវឱ្យមានលេខអត្តសញ្ញាណប័ណ្ណរបស់អ្នកផ្គត់ផ្គង់ឡើយ។
២. ត្រូវបញ្ចូលទិន្នន័យក្នុងបញ្ជីទិញនូវកាលបរិច្ឆេទ លេខបណ្ណចំណាយ និងទឹកប្រាក់ចំណាយ រួមទាំងលេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ និង លេខទូរស័ព្ទរបស់កសិករទៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ចំពោះប្រតិបត្តិការចំណាយម្តងម្កាលដែល មានទឹកប្រាក់ក្រោម ២០០ ០០០រៀល ត្រូវបញ្ចូលលេខបណ្ណចំណាយ និងលេខទូរស័ព្ទអ្នកផ្គត់ផ្គង់។
៣. សហគ្រាសត្រូវមានឯកសារគ្រប់គ្រងផ្ទៃក្នុងដែលអាចត្រួតពិនិត្យបាន ដូចជា៖ កិច្ចសន្យា ឯកសារបញ្ជាទិញ ឯកសារប្រគល់-ទទួលនិង ឯកសារទូទាត់ប្រាក់ បណ្ណបញ្ចេញ-បញ្ចូលស្តុក បណ្ណចំណាយបេឡា បណ្ណចំណាយតាមធនាគារ អត្តសញ្ញាណប័ណ្ណ (កសិករ) ព្រមទាំង កត់ត្រាក្នុងបញ្ជីគណនេយ្យដោយបញ្ជាក់ឱ្យច្បាស់លាស់ពីចំនួនទឹកប្រាក់ និងកាលបរិច្ឆេទនៃខ្ទង់ចំណាយទាំងនោះ សម្រាប់គោលដៅ ក្នុងការផ្ទៀងផ្ទាត់អនុលោមភាពសារពើពន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)