Register Already an agent ? Login

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាន នឹងធ្វើឱ្យវិស័យដឹកជញ្ជូន តាមផ្លូវសមុទ្ររបស់កម្ពុជា កាន់តែរីកចម្រើន

ភ្នំពេញ៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាន នឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាកាន់តែរីកចម្រើន នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ។ បើតាមការថ្លែងរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក បានថ្លែងបន្តថា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងអភិវឌ្ឍនិងពង្រីកបន្ថែមនូវសមត្ថភាពកំពង់ផែ តាមរយៈការគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ជំហានទី២ និង ជំហានទី៣ ដើម្បីវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាកាន់តែរីកចម្រើន។

លោក បានថ្លែងបន្តថាទៀតថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៦,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង១ម៉ឺន TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លាន TEUsក្នុងមួយឆ្នាំ។ ជាការបន្ថែរបស់ លោក ប៉េង ពោធិ៍នា។

បើតាម លោក រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៧,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើនឹង១៥ ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និងទូទាំងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់បណ្ដាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមាន ឧបសគ្គលើជម្រៅទឹកទៀតឡើយ។ ជាការនបញ្ជាក់បន្ត លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

សូមបញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែធ្នូនឹងប្រើប្រាស់រយៈពេលចំនួន ៣៦ខែ គ្រោងបញ្ចប់នៅឆ្នាំ២០២៦ គ្រោងនឹងចំណាយថវិកាប្រមាណ ២៤៣លានដុល្លារ រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗផងដែរ។

ចំណែកឯចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣នេះ គ្រោងនឹងចំណាយថវិកា សាងសង់សរុបប្រមាណ ៦៩៨លានដុល្លារ បន្ថែមទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន និងជាង ១០០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)