ភ្នំពេញ៖ គិតត្រឹមសប្តាហ៍ទី១ នៃខែធ្នូ ឆ្នាំ២០២៣ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានជាង ៥៨% គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ខណៈដំណាក់កាលទី១ ចំណាយថវិកា ៨០០លានដុល្លារ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥។ បើតាមការឱ្យដឹងពី លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល។
លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តឱ្យដឹងថា ក្រុមហ៊ុនជប៉ុនប្រមាណ ២២ក្រុមហ៊ុន មានផែនការគ្រោងនឹងចូលរួមវិនិយោគលើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ។ ក្រុមហ៊ុនទាំងនេះបាន មកទស្សនាព្រលានយន្តហោះកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសិក្សាពីសក្តានុពល និងការរីកចម្រើននៃព្រលានយន្តហោះនេះ។
បច្ចុប្បន្ន ស្ថានីយអ្នកដំណើរក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន China Construction Unit III សម្រេចបាន ៤៧,៤%, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសម្រេចបាន ៧៣,៧%, ការងារទាក់ទងនឹងចំណតរថយន្តក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន shanghai baoye (Cambodia) co. ltd សម្រេចបាន ៥២,២%, ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Cana Sino Construction Corporation សម្រេចបាន ៩០,៨%។ បើតាមការលើកឡើងបន្តរបស់ លោក ស៊ិន ចាន់សិរីវុត្ថា។
គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានការធ្វើដំណើរមកដល់របស់ភ្ញៀវបរទេសចំនួន ៤,៥លាននាក់ ដែលសកម្មភាពធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនឹងមានជាង ៨លានដង ហើយសកម្មភាពនេះអាចស្មើនឹង ៨០% នៃការធ្វើដំណើររបស់ទេសចរបរទេសមកកាន់កម្ពុជាក្នុងឆ្នាំ២០១៩ ជាពេលដែលពិភពលោកមិនទាន់ទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
បើតាមទិន្នន័យរបស់ SSCA ចន្លោះពីខែមករា ដល់ខែកញ្ញា ព្រលានយន្តហោះអន្តរជាតិទាំង៣ របស់កម្ពុជាបានស្វាគមន៍អ្នកដំណើរសរុបចំនួនជិត ៣,៧លាននាក់ កើនឡើង ១៦២% ធៀបនឹងឆ្នាំ២០២២។ តួលេខពីក្រសួងទេសចរណ៍ បានចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជាង ៤,៤លាន នាក់កើនឡើងចំនួន ១៧៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)