កែប៖ ផ្លូវ១ខ្សែ ប្រវែង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយទៅឆ្នេរខ្សាច់អង្កោល គ្រោងបញ្ចប់នៅខែមករា ឆ្នាំ២០២៤ ដែលជាគម្រោងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០.៥លានដុល្លារ។
ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០%ហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រ ទៀតប៉ុណ្ណោះ។ បើតាមឱ្យដឹងពី លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់។
លោក បានបន្តថា ការងារក្រាលកៅស៊ូ នឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២៣នេះ។ ដោយឡែក ការក្រាលបេតុងតាមចិញ្ជើមផ្លូវ និងរៀបចំបង្គោលភ្លើង ព្រមទាំងកិច្ចការងារទាំងស្រុង នៃគម្រោងនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៤។
បើតាម លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានមានប្រសាសន៍ថា គម្រោងផ្លូវប្របមាត់ សមុទ្រនេះ នឹងក្លាយជាគោលដៅស្រូបទាញអ្នកទេសចរឱ្យមកកម្សាន្តសប្បាយនៅទីតាំងកម្សាន្តថ្មី គឺឆ្នេរអង្កោល ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាពិធីបុណ្យទានផ្សេងៗទៀត នាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)