ព្រះសីហនុ៖ ការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤,៥ម៉ែត្រ គ្រោងនឹងចំណាយថវិកាប្រមាណ ២៤៣លានដុល្លារ រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។
ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុង១ឆ្នាំ។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Nippon Koei និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣% ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។
ទន្ទឹមនេះ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២គ្រឿង ក្នុង១គ្រឿងមានសមត្ថភាពលើកដាក់បាន ១០០តោន បានចំណាយប្រមាណ ១៣,៩លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ឆ្នាំ២០២១ ដើម្បីជាការដោះស្រាយបញ្ហាលើកដាក់ទំនិញធុនធ្ងន់ដែលត្រូវឆ្លងកាត់កំពង់ផែ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់គ្រឿងចក្រ លមានតម្លៃជិត១៤លានដុល្លារ និង ថវិកា សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ តម្លៃ ២៤៣លានដុល្លារ។
ផ្លូវទឹក នៅតែមានសារៈសំខាន់ សម្រាប់ការធ្វើចរាចរដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនេះ បានកើតមានឡើងរាប់សតវត្ស ហើយ។ ជាការគូសបញ្ជាក់ សម្តេចធិបតី បានបន្តថា កំពង់ផែកម្ពុជា គឺជាចំណុចកណ្ដាលនៃកំពង់ផែ ដ៏រវល់របស់ថៃនិងវៀតណាម ហេតុនេះត្រូវពង្រីកសក្ដានុពលឱ្យបានកាន់តែច្រើន ដើម្បីទទួលការលើកដាក់ទំនិញឱ្យបានកាន់តែប្រសើរថែមទៀត។
នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកច្រើនបន្ថែមទៀត ដោយគ្មានអ្វីដែលជាអាថ៍កំបាំងនោះទេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)