Register Already an agent ? Login

កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ

ភ្នំពេញ៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ​សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។ បើតាមការថ្លែងបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន សម្តេចធិបតី បានថ្លែងបន្តថា ជាមួយគ្នានេះ ការអនុវត្តបានល្អប្រសើរនូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល។

ក្នុងនោះផងដែរ ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន កសិដ្ឋាន រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត។ ជាការថ្លែងបន្តទៀត សម្តេចធិបតី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ស្របតាមគោលការណ៍ ៤R  និងសេដ្ឋកិច្ចចក្រា គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព ការអនុវត្តគោលនយោបាយការទូតបៃតង ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម។

ក្នុងឱកាសនៃពិធីនេះ សម្តេចធិបតី បានស្នើឱ្យ​គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ​​ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ ព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និង កិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាន។

ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យ​បានតឹងរ៉ឹងបំផុត មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មស​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា។

ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកប​ដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)