Register Already an agent ? Login

កម្ពុជា ទទួលបានទឹកប្រាក់ជាង ១៨លានដុល្លារ កើនជិត១ពាន់% ពីការនាំចេញផ្លែមៀនស្រស់ ១១ខែឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីការនាំចេញផ្លែមៀនស្រស់ចំនួន ១៨.៥៤លានដុល្លារ កើន ៩៥៦.៥៦%។ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

លោក ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) បានមានប្រសាសន៍ថា បន្ទាប់ពីមានការអនុញ្ញាតឱ្យនាំចូលមៀនស្រស់ ដោយត្រង់ពីប្រទេសកម្ពុជាទៅប្រទេសចិនរួចមកកត់សម្គាល់ឃើញថា ការនាំចេញផ្លែមមៀនស្រស់កម្ពុជាមានការកើនឡើង ពិសេស អំឡុងពេលចូលឆ្នាំចិនទីផ្សារផ្លែមៀននៅប្រទេសចិន មានតម្រូវការខ្ពស់។

បើតាម នាយកគ្រប់គ្រង បានបន្តថា បច្ចុប្បន្ន ទីផ្សារធំរបស់កម្ពុជា ក្នុងការនាំចេញផ្លែមៀនស្រស់រួមមាន ថៃ និង ចិន ការនាំចេញផ្លែមៀនស្រស់មានបរិមាណពី ១៥,០០០ទៅ ២០,០០០តោន ក្នុងមួយឆ្នាំ ជាមួយគ្នានេះសង្ឃឹមថា កំណើននេះនឹងបន្ដកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

ការកើនឡើងយ៉ាងលឿននេះ ដោយសារតែកម្ពុជា-ចិន បានចុះ MoU ដើម្បីបញ្ជាទិញមៀនខ្មែរពីសំណាក់ក្រុមហ៊ុនដ៏ធំរបស់ចិន ដែលនាំផ្លែឈើយកទៅលក់ក្នុងប្រទេសចិន និងដោយមានការសហការដៃគូ ជាមួយក្រុមហ៊ុនយក្ស  Alibaba ជាដើម។ ជាការបន្ថែម លោក ឈិន កេន។

គូសបញ្ជាក់ថា ​ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ​កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទៅចិនមានចំនួន ១១,៤០៣.២៣តោន។ មិនមែនត្រឹមតែនាំទៅចិន សហគ្រាសកម្ពុជាកំពុងកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេសផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)