ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រ ព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១៣ ៥៥៦,០៦ប៊ីលានរៀល (ប្រមាណជា ៣ ៣៤៧,១៨ លានដុល្លារ) ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ទិន្នន័យថវិកាចំណូលពន្ធដារនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោក គង់ វិបុល បានលើកឡើងបន្តថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ចំណូលពន្ធអាករ គ្រប់ប្រភេទ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១ ១៣៤,៥៨ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ) ស្មើនឹង ៧,៨៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
នាឱកាសនោះ លោក គង់ វិបុល បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុង ការពង្រឹងការអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យ ឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានប្រកាសដាក់ចេញកាលពីជំនួបក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក បានបន្តថា ជាមួយគ្នានេះ ក៏ដូចជាការបន្តពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់ថែមទៀត តាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការ ផ្តល់សេវានិងប្រសិទ្ធភាពការងារ។
បើតាមកិច្ចប្រជុំនេះ លោក ក៏បានជំរុញឱ្យមានការរៀបចំសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីសវនកម្មពន្ធដារ និងបែបបទ និងនីតិវិធីនៃការអនុវត្តធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីរាជការពន្ធដារ និងអ្នកជាប់ពន្ធ (SOP) និងបានលើកឡើងអំពី សារសំខាន់ និងភាពចាំបាច់ជាបន្ទាន់ ក្នុងការបញ្ចប់សេចក្តីព្រាងឯកសារនេះ ឱ្យបានមុនដំណាច់ឆ្នាំនេះ ដើម្បីដាក់ជូន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងអនុម័ត សម្រាប់ដាក់អនុវត្តជាក់ស្តែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)