ភ្នំពេញ៖ រដ្ឋាភិជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង មានទំហំទឹកប្រាក់ ៤,៣ប៊ីលានយ៉េន (ប្រមាណ ៣១,៣លានដុល្លារ) ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន៣ សំខាន់ៗ។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ជំនួយឥតសំណងនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហ ប្រតិបត្តិការ រួមមានលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធរួមមាន៖
១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ ឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន និង ៣-គម្រោង ស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។
ជាមួយនេះ ក៏មានឯកសារចំនួន៤ ផ្សេងទៀតត្រូវបានចុះហត្ថលេខានៅក្នុងឱកាសនោះផងដែរ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ការទូទាត់អេឡិចត្រូនិក ថាមពលព្រះអាទិត្យ និងថាមពលជីវម៉ាស។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរ ធ្វើជាអធិបតីក្នុងពីធីខាងលើ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នាឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានជំនួបកំពូលទ្វេភាគីជា មួយ លោក គឺស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីទាំងពីរ បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ថាមពល អភិវឌ្ឍន៍ឌីជីថល ការបោសសម្អាតមីន និងសុខភាពសាធារណៈ។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែស្នូលក្នុងតំបន់ ដូចបានឯកភាពគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី គឺស៊ីដា ក្នុងឱកាសទស្សនកិច្ចរបស់ លោក គឺស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។
លើសពីនេះ សម្តេចធិបតី បានស្នើសុំការគាំទ្រពីប្រទេសជប៉ុនលើសំណើអភិវឌ្ឍកំពង់ផែនេះឱ្យទៅជា មជ្ឈមណ្ឌលភស្តុ ភារកម្មតំបន់។ សម្តេច បានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រ និងជំនួយដ៏ ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងការអរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ លោក នាយករដ្ឋមន្ត្រី គីស៊ីដា សម្រាប់ការសន្យាផ្តល់ឥណទានសម្បទានចំនួន ២០ប៊ីលានយ៉េន ដើម្បីជួយដល់វិស័យសុខាភិបាលរបស់កម្ពុជាតាមទីជនបទនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)