Register Already an agent ? Login

ក្រុមហ៊ុន PFI ជប៉ុន មើលឃើញសក្តានុពលអាជីវកម្មនៅកម្ពុជា មានបំណងពង្រីកវិនិយោគលើវិស័យកសិកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន បានសម្លឹងមើលឃើញសក្តានុពលអា ជីវកម្មនៅប្រទេសកម្ពុជា មានបំណងពង្រីកការវិនិយោគរបស់ខ្លួន លើវិស័យកសិកម្ម។ តាមការបញ្ជាក់ លោក Kim Mujo នាយកក្រុមហ៊ុន PFI នាជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះ លោក Kim Mujo បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏ មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ក៏បានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ដែលសុទ្ធ​តែផលិតចេញ​ពី​ស៊ុតមាន់។

ជាមួយគ្នានេះ លោក នាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ថា ដោយសម្លឹង មើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន PFI មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក Kim Mujo នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

ប្រមុខរាជរដ្ឋាភិបាល ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន PFI ដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការ ផលិតផលិតផលចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយក បច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិត បង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ កម្ពុជា ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)