Register Already an agent ? Login

ក្រុមហ៊ុនជប៉ុន Ehime Package មានបំណងពង្រីកវិនិយោគនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស នាំចេញ

ភ្នំពេញ៖ លោក Ikawa Naoki ប្រធានក្រុមហ៊ុន Ehime Package បានគូសបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនកំពុងមានបំណងពង្រីក ការវិនិយោគរបស់ខ្លួនទៅក្នុងប្រ ទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។

បើតាមជំនួបខាងលើ លោក Ikawa Naoki បានជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោក បានបើកដំណើរនៅកម្ពុជាជាង ១០ឆ្នាំមកហើយ ក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Package និងការអរគុណចំពោះបទពិសោធន៍ និងការយល់ឃើញប្រកបដោយសុទិដ្ឋិនិយមចំពោះសក្តានុពលរបស់ប្រទេសកម្ពុជា។

សម្តេចធិបតី ក៏បានលើកឡើងអំពីគម្រោងនៃជំនួបទ្វេភាគីជាមួយ លោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ដើម្បី ពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន។

ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្តែងការចាប់អារម្មណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រ ដាសចេញពីផលិតផលកសិកម្ម ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការ ផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ។

ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅ គ្រប់ឃុំ ទូទាំងប្រទេសដើម្បីជួយដល់ប្រជាកសិករ និងការបង្កើតនូវសហគមន៍កសិកម្មទំនើប ជាដើម។ ជាការបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

គូសបញ្ជាក់ថា ជំនួបនេះ នាឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ​ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)