ភ្នំពេញ៖ លោក កូជីម៉ា ម៉ាសាណូប៊ូ ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានបញ្ជាក់នៅក្នុងជំនួបជានួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងថា មានគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
នាឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានក្រុមហ៊ុនជប៉ុនមួយចំនួនបានចូលជួបពិភ្សា។
អំឡុង សម្តេចធិបតី នាយករដ្ឋមន្រ្តី នៅប្រទេសជប៉ុន លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏ មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការ បណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន។
លោក បានលើកឡើងបន្តថា ក្រៅពីនេះ ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម។
លោក ប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ។ លោក ក៏បានគូសបញ្ជាក់ឱ្យដឹងថា មានគម្រោងនៃការ បង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរ នៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ លោក កូជីម៉ា និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា ដោយនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្តេចធិបតី ថ្លែងអំណរគុណក្រុមហ៊ុនផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខនិងរយៈពេលវែង ។
ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត។ ជាការបន្ថែម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)