ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនវៀតណាម មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដោយច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព។
នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២៣ រដ្ឋធានីហាណូយ កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅវៀតណាមដូចជា កសិកម្មទំនើប, ឧស្សាហកម្មកែច្នៃចំណីអាហារ, យានយន្ត, អេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្ម កម្មន្តសាលដទៃទៀត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់, លិខិតបទដ្ឋានគតិយុត្ត, និងវិធានការនានាដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញកន្លងទៅថ្មីៗនេះ។
មានមតិក្នុងសុន្ទរកថាគន្លឹះ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះភាគីមិត្ត និងក្រុមការងាររៀបចំកម្មវិធីដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំវេទិកាប្រកបដោយអត្ថន័យនា ឱកាសដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសវៀតណាមនាពេលនេះ។
នៅក្នុងវេទិកានេះ លោក ផាម មិញវិញ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចជាផ្លូវការលើកទី១ ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយបានចូលរួមជាអធិបតីក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២៣ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគទ្វេភាគី។
លើសពីនេះ លោក នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វត្តមានរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនាពេលនេះគឺជាការឆ្លុះបញ្ចាំងពី វឌ្ឍនភាពថ្មីនៃការថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកធំធាត់ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ដែលជាចំណុចលេចធ្លោរវាងប្រទេសទាំងពីរ។
ក្នុងន័យនេះ លោក ផាម មិញវិញ បានប្ដេជ្ញានឹងបន្តចូលរួមជំរុញវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិបុលភាពតទៅមុខទៀត តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក ដើម្បីទាញយកប្រយោជន៍ពីសក្តានុពល និងកាលានុវត្តភាព ដែលប្រសូត្រចេញពីភាពល្អប្រសើរនៃបរិយាកាសវិនិយោគ, បរិស្ថានធុរកិច្ច, និងបរិការណ៍សេដ្ឋកិច្ចតំបន់ និង សកល។
ក្នុងអំឡុងវេទិកាខាងលើ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានចូលរួមថ្លែងបទអន្តរាគមន៍ ស្តីពីបរិស្ថាន និងគោលនយោបាយវិនិយោគ ដើម្បីគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងទាក់ទាញវិនិយោគពីគ្រប់ទិសទី ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកម្ពុជា- វៀតណាម។
ទន្ទឹមនឹងនេះ លោក បានរំលេចអំពីអនុសាសន៍ណែនាំ របស់នាយករដ្ឋមន្ត្រីទាំងពីរ ដោយបានចង្អុលបង្ហាញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការនិងវិនិយោគវៀតណាម ខិតខំធ្វើយ៉ាងណាដើម្បីបង្កើតយន្តការផ្តល់កិច្ចសម្រួល និងជំរុញការវិនិយោគទ្វេទិសឱ្យទទួលបានលទ្ធផលកម្រិតខ្ពស់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យសម្រេចបាននូវទំហំពាណិជ្ជ កម្មទ្វេដង។
ក្នុងគោលដៅសម្រេចបាននូវការងារនេះ លោក បានជួបពិភាក្សាទ្វេភាគីជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ក្នុងគោលបំណងពិភាក្សាពីការរុញច្រានគំនិតផ្តួចផ្តើម បង្កើតយន្តការផ្តល់កិច្ចសម្រួល និងធ្វើសកម្មភាពជំរុញវិនិយោគរួមគ្នា សំដៅពង្រឹង និងពង្រីកការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងខ្សែច្រវាក់ ផ្គត់ផ្គង់នៅរបៀងសេដ្ឋកិច្ចភាគខាងត្បូង តាមរយៈការទាក់ទាញគម្រោងវិនិយោគមកពីប្រទេសវៀតណាម មកបណ្តាក់ទុនកែច្នៃវត្ថុធាតុដើមនៅកម្ពុជាហើយនាំចេញទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងសកល។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលដទៃទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជំនួប និងការប្រាស្រ័យ ទាក់ទងគ្នាជាញឹកញាប់។ ថ្នាក់ដឹកនាំទាំងពីរ បានដាក់ចេញនូវគោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ប៊ីលានដុល្លារ នាពេលអនាគតខ្លីខាងមុខ៕
ដោយ៖ មឿន ឌីំណា (Moeun Dyna)