Register Already an agent ? Login

JEPIC ជប៉ុន មានចំណាប់អារម្មណ៍ខ្លាំងវិនិយោគិនលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូជប៉ុននៃមជ្ឈមណ្ឌលព៌ត័មាន ថាមពលអេឡិកត្រិកជប៉ុន (JEPIC) បានមកទស្សនៈកិច្ចប្រទេសកម្ពុជា មានចំណាប់អារម្មណ៍ខ្លាំងវិនិយោគិនលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា ខណៈ ដំណើរទស្សនកិច្ច មកកម្ពុជាពេលនេះ មានអ្នកចូលរួមដែលជាសមាជិកច្រើនជាងគេ ក្នុងចំណោមដំណើរទស្សនៈកិច្ចទាំងអស់របស់ស្ថាប័នJEPIC ទៅកាន់ប្រទេសដ៏ទៃទៀត។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុននៃមជ្ឈមណ្ឌលព៌ត័មាន ថាមពលអេឡិកត្រិកជប៉ុន (JEPIC) ដែលដឹកនាំដោយ លោក អឺរ៉ូមិ អូជិ ប្រធាននាយកដ្ឋាន ស្រាវជ្រាវនៃមជ្ឈមណ្ឌល (JEPIC) និងក្រុមហ៊ុនដែលជាសមាជិក ចូលសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការ CDC។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ស្ថាប័ន JEPIC ដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសវិស័យដែលទាក់ទងនឹងការបង្កើតថាមពលកកើតឡើងវិញ។

ក្នុងជំនួបនេះ លោក អ៊ុហ្សឺមិ អូជិ បានជម្រាបជូន អគ្គលេខាធិការថា ស្ថាប័ន JEPIC ជាមជ្ឈមណ្ឌលព៌ត័មានថាមពលអេឡិកត្រិក របស់ជប៉ុន ដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុនអេឡិកត្រិកធំៗរួមគ្នា។

លោក បានលើកឡើងដោយបញ្ជាក់ថា ក្នុងចំណោមដំណើរទស្សនៈកិច្ចទាំងអស់របស់ស្ថាប័ន JEPIC ទៅកាន់ប្រទេសដ៏ទៃទៀត មានតែដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជាលើកនេះទេ ដែលមានអ្នកចូលរួមដែលជាសមាជិកច្រើនជាងគេ ដែលនេះបានឆ្លុះបញ្ចាំងពីការមានចំណាប់អារម្មណ៍ខ្លាំងរបស់វិនិយោគិនជប៉ុនលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា។

គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលនេះ គឺដើម្បីសិក្សាពីសកម្មភាព និងសមិទ្ធិផលចុងក្រោយបំផុតរបស់ឧស្សាហកម្មថាមពលអគ្គិសនីនៅកម្ពុជា។ ជាការបន្ថែម លោក អ៊ុហ្សឺមិ អូជិ។

ជាការឆ្លើយតប អគ្គលេខាធិការ បានជម្រាបជូនសមភាគីជប៉ុនថា កម្ពុជាបានរៀបចំ នូវគោលនយោបាយស្តីពីការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ លោក បានបន្តថា ក្នុងនោះកម្ពុជាបានប្ដេជ្ញាចិត្ត នឹងប្រែក្លាយពីប្រទេសដែលមានឧស្សាហកម្មប្រើប្រាស់កំលាំងពលកម្មច្រើន ទៅជាប្រទេសដែលមានឧស្សាហកម្មប្រើប្រាស់ជំនាញមធ្យមទៅជំនាញខ្ពស់។

លោក ជា វុទ្ធី បានបញ្ជាក់ថា ‌‌‍កត្តានេះហើយ ដែលតម្រូវឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីច្រើន និងមានស្ថិរភាព ហើយវាមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញឧស្សាហ៏កម្មធំៗ។

បើតាមជំនួបនេះ សមភាគីជប៉ុន បានសន្យានឹងពាំនាំព៌ត័មានទាំងអស់ដែលបានពីកិច្ចពិភាក្សាការងារថ្ងៃនេះ ជូនសមាជិករបស់ខ្លួន ដើម្បីសិក្សាលទ្ធភាពក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)