ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបជាមួយ លោកស្រី Melissa Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញកិច្ចការងារវិនិយោគដោយផ្ទាល់ រវាងភាគីទាំងពីរបន្ថែមទៀត។
ជំនួបពិភាក្សាទ្វេភាគី ដែលបានធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ការពង្រីកកិច្ចការងារវិនិយោគ និងការចូលរួមជាមធ្យោបាយនានាក្នុងការកែលម្អ ធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Melissa Brown និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ចំនួន ១លានដូស មកកម្ពុជា ខណៈពេលដែលសកលលោកបានជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
ស្របតាមកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក លើកិច្ចការងារជាច្រើននាពេលកន្លងមក រាប់បញ្ចូលទាំងការធ្វើពាណិជ្ជកម្ម អនុប្រធានទី១ CDC ក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញកិច្ចការងារវិនិយោគដោយផ្ទាល់ រវាងភាគីទាំងពីរបន្ថែមទៀត។
ឆ្លើយតបលើការលើកឡើង របស់លោក ស៊ុន ចាន់ថុល អំពីការផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩មកកម្ពុជា លោកស្រី Melissa Brown បានឆ្លៀតយកឱកាសនេះបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ២០២០កន្លងទៅ កំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីត-១៩ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំ Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី Melissa Brown បានបង្ហាញចំណាប់អារម្មណ៍ផងដែរក្នុងការពិនិត្យរួមគ្នា អំពីកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសង្គម-វប្បធម៌ ការសិក្សាអប់រំ សុខាភិបាល ក៏ដូចជាកិច្ចកាងារវិនិយោគលើវិស័យជាសក្តានុពល របស់ប្រទេសទាំងពីរ។
ក្នុងនោះ លោកស្រី បានស្នើសុំឱ្យកម្ពុជាពិនិត្យលទ្ធភាពកែលម្អលើចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ តម្លាភាព និងប្រសិទ្ធភាពនៃបទដ្ឋានគតិយុត្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងកន្លងមក។
ក្នុងបរិយាកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអំពីច្បាប់វិនិយោគរបស់កម្ពុជាដែលបើកទូលាយជូនចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនដែលកំណត់ដោយច្បាប់។
កម្ពុជា មានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញ ដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវ៉ាក់ផលិតកម្មសកលផងដែរ។ ជាការបន្ថែម អនុប្រធានទី១ CDC បានគូសបញ្ជាក់ថា ក្នុងនោះ កម្ពុជាលើកទឹកចិត្តឱ្យមានការបណ្ដាក់ទុនវិនិយោគលើរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ (High Tech Industrial Park) ដែលបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងផ្ដល់ឱកាសជូនទាំងប្រជាពលរដ្ឋកម្ពុជា និងសម្រាប់តំបន់ផងដែរ៕
ដោ៖ មឿន ឌីណា (Moeun Dyna)