Register Already an agent ? Login

នាយករដ្ឋមន្រ្តី កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលដទៃទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជំនួប និងការប្រាស្រ័យ ទាក់ទងគ្នាជាញឹកញាប់។ ថ្នាក់ដឹកនាំទាំងពីរ បានដាក់ចេញនូវគោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ប៊ីលានដុល្លារ នាពេលអនាគតខ្លីខាងមុខ។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។

ការប្ដេជ្ញាបែបនេះ របស់ថ្នាក់ដឹកនាំទាំងពីរ ដែលសម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញ “ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣”​។

បើតាមជំនួបទ្វេភាគីនៃនាយករដ្ឋមន្រ្តីទាំងពីរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ជាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនិងគ្រប់កម្រិត។

ដើម្បីជំរុញឱ្យទទួលបានផ្លែផ្កា បន្ថែមទៀត ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សានិងដាក់ចេញនូវផែនការសកម្មភាពក្នុង វិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល អប់រំ សន្តិសុខ ព្រំដែន និងការពារជាតិ។

ទំនាក់ទំនងកម្ពុជា-វៀតណាមមានការរីកចម្រើន តាមរយៈកំណើនពាណិជ្ជកម្ម វិនិយោគ និងសេវាកម្ម ហើយប្រទេសទាំងពីរមានសក្តានុពលច្រើនសម្រាប់ភាពជាដៃគូសេដ្ឋកិច្ច ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់។ បើតាមការគូសបញ្ជាក់ សម្ដេចធិបតី។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើភាគីវៀតណាមផ្តល់កិច្ចសហការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញឆ្លងកាត់តាមប្រទេសវៀតណាម ព្រមទាំងបាន ស្នើភាគី វៀតណាមសម្រេចឱ្យបានឆាប់នូវការកំណត់ទីតាំងតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ។

ដើម្បីជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ភាគីកម្ពុជាបានស្នើ ជំរុញកិច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត “វៀតណាម+១” ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ជាមួយគ្នានេះ ភាគីកម្ពុជា បានគូសបញ្ជាក់ពីផលប្រយោជន៍រួមនៃការរៀបចំផែនការ សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម "ប្រទេសបី គោលដៅតែមួយ”។

កិច្ចពិភាក្សាក៏ បានផ្តោតលើបញ្ហាតំបន់ ដែលជាប្រយោជន៍និងក្តីបារម្ភរួម ហើយភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្តចំពោះការគាំទ្រទៅវិញទៅមកក្នុងវេទិកាអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់ទន្លេមេគង្គ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញយន្តការកិច្ចសហប្រតិបត្តិការត្រីភាគី (កម្ពុជា-ឡាវ-វៀតណាម) ក្នុងវិស័យសំខាន់ៗបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)