Register Already an agent ? Login

គម្រោងសិក្សាបឋមផ្លូវល្បឿនលឿន កំណាត់ភ្នំពេញ-សៀមបញ្ចប់ខែ២ ខណៈសៀមរាប-ប៉ោយប៉ែត នៅខែ៥ ឆ្នាំ២០២៤

ភ្នំពេញ៖ បច្ចុប្បន្ន គម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនសា ជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) គ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។ បើតាមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។

បើតាមកិច្ចប្រជុំអន្តរក្រសួង ធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

សូមរម្លឹកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមក ហើយ។

ខណៈ ដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបាន គ្រោងទុក។

ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងជាង ៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)