Register Already an agent ? Login

ក្រុមហ៊ុនវៀតណាម នឹងដាក់ឱ្យដំណើររថយន្តតាក់ស៊ីនប្រើអគ្គិសនី ២,៥០០គ្រឿង នៅភ្នំពេញ សៀមរាប និង ព្រះសីហនុ ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុន Vingroup នាជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ គម្រោងវិនិយោគនៅកម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការ វិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២៥០០គ្រឿង នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀតនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នៅក្នុងជំនួបដែលធ្វើខាងលើ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញ “ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣”​។

ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោល បំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរ ដោយថាមពលអគ្គិ សនីនៅក្នុងប្រទេសកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ ក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿង បន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្ម រថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)