Register Already an agent ? Login

កម្ពុជា នាំទំនិញទៅទីផ្សារប្រទេសចិន ទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ កើនជិត ២០% ១១ខែឆ្នាំ២០២៣

ភ្នំពេញ៖ តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បានឱ្យដឹងថា ចាប់​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​ទឹកប្រាក់ ១,៣១​ពាន់​លាន​ដុល្លារ កើនឡើង ១៨,៥ ​% ​បើ​ធៀប​នឹងគ្រា​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួន ១,១១ពាន់​លាន​ដុល្លារ។ ខណៈ ​ទំនិញ​ប្រទេស​ចិន​នាំមក​កម្ពុជា មាន​ចំនួន ៩,៧៦​ពាន់​លាន​ដុល្លារ កើនឡើង ៣,១% ​ពី​ចំនួន ៩,៤៧ពាន់​លាន​ដុល្លារ​។

សម្រាប់​ ទឹកប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​ចំនួន ១១,០៨​ពាន់​លាន​ដុល្លារ កើន ៤,៧​% ​ពី​ចំនួន ១០,៥៨ពាន់​លាន​ដុល្លារ​។ បើតាមការបន្តស្ថិតិខាងលើ​ បានបញ្ជាក់ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ បាន​គ្របដណ្តប់ ២៦,០៦​% ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា រយៈពេល ១១​ខែ​ ឆ្នាំ​២០២៣ ដែលមាន​ចំនួន ៤២,៥​ពាន់​លាន​ដុល្លារ​។ បើតាមការបន្ថែមនៅក្នុងស្ថិតិដដែល។

បើតាមស្ថិតដដែល បានឱ្យដឹងទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​សរុប ១,០១​ពាន់​លាន​ដុល្លារ កើន ៥,៩៤% បើ​ធៀប​នឹងខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ចំនួន ៩៥៤,៩៧​លាន​ដុល្លារ ក្នុងនោះ ​ទំនិញ​កម្ពុជា​នាំទៅ​ចិន ១៣៦,០៧លាន​ដុល្លារ កើន ១១,៩% និង​ទំនិញ​នាំ​ពី​ចិន​មក​កម្ពុជា ៨៧៥,៦២​លាន​ដុល្លារ កើន ៥,១%​។​

គួរម្លឹកថា ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១១,៦៩​ពាន់​លាន​ដុល្លារ កើនឡើង ៤,៤​%​ធៀបនឹង​ឆ្នាំ​២០២១ ក្នុងនោះ​ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១,២៤​ពាន់​លាន​ដុល្លារ ថយចុះ ១៧,៩% និង​ទំនិញ​ចិន​នាំមក​កម្ពុជា​ចំនួន ១០,៤៥​ពាន់​លាន​ដុល្លារ កើន ៧,៩%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)