ភ្នំពេញ៖ គិតចាប់ពីឆ្នាំ១៩៩២ ដល់២០២២ សហភាពអឺរ៉ុបបានបើកផ្តល់ហរិញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១,៤៣០លានដុល្លារ ស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ខណៈ ឆ្នាំ២០២៣ សហភាពអឺរ៉ុបបានបើកផ្ដល់ ៨៨លានដុល្លារ ដើម្បីគាំទ្រអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗ។ យោងតាមទិន្នន័យ ហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា (Cambodia ODA Database)
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា ទើបតែតែងតាំងថ្មី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន CDC។
CDC បានបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង កម្ពុជា និងសហភាពអឺរ៉ុប ក៏ដូចជាផ្លាស់យោបល់និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូនាពេលអនាគត។
លោក ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោក Igor Driesmans ដែល ត្រូវបានសហភាពអឺរ៉ុបតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ EU ដែលបានបន្តប្ដេជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា។
លោក បន្តថា ពិសេស សមិទ្ធផលសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្រ្តរួម របស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដែល បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
នាឱកាសនោះ លោក ក៏បានកោតសរសើរ ចំពោះសហភាពអឺរ៉ុបសម្រាប់គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (Team Europe's Initiatives) ដែលជាយន្តការសំខាន់ ក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគប្រកបដោយចីរភាព។ ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ EU ដែលបានរួមចំណែកជាមួយរាជ រដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងជំនួបនេះ លោក Igor Driesmans បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងកោតសរសើរចំពោះ CDC ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លងមក។
ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ទេសរដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃដំណើរការយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំ របស់សហភាពអឺរ៉ុបថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យ របស់សហភាព អឺរ៉ុបក្នុងការបន្តកិច្ចសហច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន លោក ឈៀង យ៉ាណារ៉ា ថា EU បានបើកផ្តល់ផ្តល់ហិរញ្ញប្បទានសហ ប្រតិបត្តិការចំនួន ៨២លានអឺរ៉ូ សមមូលនឹង ៨៨លានដុល្លារ ក្នុងឆ្នាំ២០២៣ ដើម្បីគាំទ្រការអនុវត្តគម្រោង ក្នុងវិស័យសំ ខាន់ៗរួមមាន វិស័យកសិកម្ម, បរិស្ថាន, ឧស្សាហក កម្ម, អប់រំ, ពាណិជ្ជកម្ម ពាណិជ្ជកម្ម និងវិស័យឯកជន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)